លោក ម៉េង ហ៊ាង ដែលជាអ្នកដោះស្រាយ និងបញ្ជូនករណីអំពើហិង្សាលើកុមារយ៉ាងមានប្រសិទ្ធភាពនៅក្នុងសាលាបានមានប្រសាសន៍ថា៖ «ការសហការគ្នាយ៉ាងជិតស្និទ្ធរវាងយន្តការការពារកុមារក្នុងសាលារៀន និងយន្តការការពារកុមារផ្អែកលើសហគមន៍ គឺមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហា និងការពារកុមារពីគ្រប់ទម្រង់នៃអំពើហិង្សា ព្រមទាំងជួយលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេផងដែរ»។
លោក ម៉េង ហ៊ាង អាយុ ៥៦ឆ្នាំ គឺជានាយកសាលាបឋមសិក្សា នៅតំបន់ជនបទក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដែលនៅទីនោះ សាលារៀនមួយចំនួននៅតែប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ដោយសារកុមារជាច្រើនបានរាយការណ៍ថាបានជួបប្រទះនូវទម្រង់ផ្សេងៗនៃអំពើហិង្សា ទាំងនៅក្នុងសាលារៀន និងក្នុងសហគមន៍។ បញ្ហាទាំងនេះនៅតែបន្តកើតមាន ដោយសារប្រព័ន្ធការពារកុមារមិនទាន់មានប្រសិទ្ធភាព។
ក្នុងវិស័យអប់រំអស់រយៈពេល ៣៨ ឆ្នាំកន្លងមកនេះ លោក ម៉េង ហ៊ាង តែងតែយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់សិស្សជាអាទិភាព ដោយធានាថា ពួកគេទទួលបានអារម្មណ៍សុវត្ថិភាពក្នុងការរៀនសូត្រ និងចូលរួមក្នុងថ្នាក់។ បើទោះបីជាមានការលះបង់ខ្ពស់ក៏ដោយ ក៏លោកនាយក និងបុគ្គលិករបស់លោក នៅខ្វះតែជំនាញក្នុងការកំណត់អត្តសញ្ញាណ និងឆ្លើយតបឱ្យបានត្រឹមត្រូវចំពោះករណីហិង្សាទាំងនេះ។ អ្វីដែលកាន់តែខ្សោយជាងនេះទៅទៀត គឺការភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានសម្រាប់ការបញ្ជូនករណីនៅមានកម្រិត ដែលធ្វើឱ្យពួកគេមានការលំបាកក្នុងការដោះស្រាយបញ្ហាដែលពួកគេបានដឹង។
នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ក្រោមជំនួយគាំទ្រពីក្រុមហ៊ុន UNIQLO តាមរយៈអង្គការ Save the Children ជប៉ុន អង្គការ Save the Children ប្រចាំកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលាគោលដៅចំនួន ៤៣ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគម្រោង «ការលុបបំបាត់អំពើហិង្សា តាមរយៈការពង្រឹងអំណាចរបស់កុមារនៅកម្ពុជា» ដែលមានគោលបំណងលើកកម្ពស់ការផ្តល់អំណាចដល់កុមារ និងពង្រឹងប្រព័ន្ធការពារកុមារនៅក្នុងសាលារៀន និងសហគមន៍ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ។
អ្វីៗក៏បានផ្លាស់ប្តូរបន្តិចម្តងៗ នៅពេល លោក ម៉េង ហ៊ាង និងមិត្តរួមការងារត្រូវបានអញ្ចើញឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលបំពាក់បំពន គ្រូបង្គោលកិច្ចការកុមារជាមួយនឹងជំនាញក្នុងកំណត់ និងឆ្លើយតបទៅនឹងអំពើហិង្សាលើកុមារ ដើម្បីពង្រឹងយន្តការការពារកុមារក្នុងសាលារៀនរបស់ពួកគេ។
ក្រោមការដឹកនាំរបស់លោក ម៉េង ហ៊ាង សមាជិកគណៈកម្មការគ្រប់គ្រងសាលារៀន តែងតែជួបប្រជុំជាមួយគ្រូបង្គោលកិច្ចការកុមារ សមាជិកក្រុមប្រឹក្សាកុមារ និងអាជ្ញាធរមូលដ្ឋាន ក្នុងកំណត់ និងពិភាក្សាហានិភ័យនៃអំពើហិង្សាលើកុមារ ដូច្នេះពួកគេអាចគាំទ្រ និងដោះស្រាយបញ្ហាទាំងនោះទៅតាមកម្រិតធ្ងន់ធ្ងរ និងប្រភេទនៃករណីនីមួយៗ។
ពេលថ្មីៗនេះ ជនបង្គោលកិច្ចការពារកុមារនៅសាលារបស់លោក ម៉េង ហ៊ាង បានសម្គាល់ឃើញកុមារីម្នាក់រៀនថ្នាក់ទី១ ឈ្មោះ ម៉ូលី (ឈ្មោះត្រូវបានផ្លាស់ប្តូរ) ដែលរស់នៅជាមួយម្តាយមីង។ ម៉ូលី បាននិយាយតិចៗថា៖ «មីងរបស់ខ្ញុំបានប្រើអំពើហិង្សាលើរាងកាយ ស្រែកសំឡត់ រាល់ពេលដែលខ្ញុំមិនធ្វើតាមអ្វីដែលគាត់ប្រាប់»។
បន្ទាប់ពីជនបង្គោលកិច្ចការពារកុមារបានរាយការណ៍ជូនលោក ម៉េង ហ៊ាង លោកបានជួបជាមួយសមាជិកគណៈកម្មការគ្រប់គ្រងសាលារៀនភ្លាមៗ ដើម្បីធ្វើអន្តរាគមន៍លើករណីនោះ ហើយទទួលបានជោគជ័យ។ ពួកគេបានអញ្ជើញអាណាព្យាបាលមកពិភាក្សា ដែលក្នុងនោះគាត់បានទទួលស្គាល់នូវទង្វើរបស់ខ្លួន។ លោក ម៉េង ហ៊ាង បានពន្យល់ពីហេតុផល និងផលប៉ះពាល់អវិជ្ជមាននៃអំពើហិង្សាលើរាងកាយ និងផ្លូចិត្ត ហើយឱ្យពួកគាត់ចុះកិច្ចសន្យាបញ្ឈប់រាល់អំពើហិង្សាទាំងអស់។ ប៉ុន្មានថ្ងៃក្រោយមក តាមរយៈការតាមដានសួរនាំកុមារីរងគ្រោះ និងការសង្កេតផ្ទាល់ ម៉ូលី លែងទទួលរងអំពើហិង្សាទៀតហើយ ហើយមានទឹកមុខរីករាយពេលមកសាលារៀន។
លោក ម៉ាច ដែលជាសមាជិកគណៈកម្មការគ្រប់គ្រងសាលារៀន និងជាសមាជិកក្រុមប្រឹក្សាឃុំផងនោះ តែងតែមានវត្តមានជានិច្ច ក្នុងការដោះស្រាយបញ្ហារបស់កុមារ។ លោក បានមានប្រសាសន៍ថា៖ «ខ្ញុំ និងលោក ម៉េង ហ៊ាង ធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហារបស់កុមារនៅក្នុងសាលា រាល់ពេលដែលទទួលបានព័ត៌មាន។ យើង យកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់ទម្រង់នៃអំពើហិង្សាក្នុងសាលា ឬប្រសិនបើវាលើសពីសមត្ថភាពរបស់យើង យើងនឹងបញ្ជូនទៅកាន់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ (CCWC)។ យើងកំពុងធានានូវសុខុមាលភាពរបស់សិស្ស ទាំងផ្លូវកាយ និងផ្លូវចិត្ត»។
សុធា ដែលជាជនបង្គោលកិច្ចការពារកុមារប្រចាំសាលា បានលើកឡើងថា៖ «កិច្ចប្រជុំគណៈកម្មការជាទៀងទាត់មានសារៈសំខាន់ណាស់សម្រាប់ពង្រឹងការសម្របសម្រួលរវាងសាលារៀន និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហារបស់កុមារ ដោយធានាបាននូវអន្តរាគមន៍ទាន់ពេលវេលា»។
សកម្មភាពរបស់លោក ម៉េង ហ៊ាង មិនត្រឹមតែជួយសិស្សានុសិស្សនៅក្នុងសាលារបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការយល់ដឹងក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយ និងជំរុញទឹកចិត្តអ្នកដទៃឱ្យមានភាពក្លាហានក្នុងការរាយការណ៍រាល់ទម្រង់នៃអំពើហិង្សាលើកុមារទៅកាន់ភូមិ ឬអាជ្ញាធរមូលដ្ឋាន នៅពេលពួកគេបានឃើញ។
លោក ម៉េង ហ៊ាង បានបន្ថែមថា លោកមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលលោកអាចដោះស្រាយបញ្ហារបស់សិស្សបាន ហើយលោកកាន់តែរីករាយថែមទៀតនោះ នៅពេលឃើញពួកគេមានសុវត្ថិភាព និងអាចមកសាលារៀនដោយគ្មានការភ័យខ្លាច។